ដោយយោងទៅលើទ្រឹស្តីរបស់អ្នកប្រវត្តសាស្ត្រមួយចំនួនដែលបានលើកឡើងអំពីរបបអាណានិគមន៍។ លោកបានលើកឡើងថាគោលបំណងរបស់ប្រទេសដែលបានដាក់អាណានិគមន៍ទៅលើប្រទេសមួយទៀតគឺដើម្បីគេងចំណេញទៅលើធនធានរបស់ប្រទេសនោះ តាមរយៈការផ្តល់អំណាចឲ្យជនណាម្នាក់ឬក្រុមនៃជននោះ ដើម្បីឲ្យប្រមូលធនធានដោយខុសច្បាប់សម្រាប់ពួកគេ។ ជនដែលរបបអាណានិគមន៍ បានផ្តល់អំណាច បង្កើតប្រព័ន្ធមួយដើម្បីស្រូបយកធនធានទាំងអស់របស់ប្រទេសជាតិដែលរួមមានធនធានធម្មជាតិ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានផ្សេងៗទៀត។
ដូចគ្នានឹងរបបលិទ្ធិប្រជាធិប្បតេយ្យដែរ របបអាណានិគមនិយមនៅប្រទេសកម្ពុជាមិនត្រូវបានបង្ហាញឲ្យឃើញជាក់ស្តែងនោះឡើយ។ ប្រទេសកម្ពុជាបានទទួលរងនូវទ្ធិពលនៃរបបអាណានិគមន៍របស់ប្រទេសជិតខាងក្រោមរូបភាពទាំងឡាយដែលបានលើកឡើងក្នុងប្រទេសនានាក្នុងសម័យអាណានិគមនិយមនៅមុនសង្គ្រាមលោក។ ទោះបីជាគេបានដឹងហើយថា កម្ពុជាបានទទួលឯករាជ្យពេញលេញ និងប្រជាធិប្បតេយ្យពេញលេញយ៉ាងណាក៏ដោយ ក៏គេបានឃើញថាកម្ពុជាបាននឹងកំពុងជញ្ជូនទៅរដ្ឋបរទេស នូវធនធានព្រៃឈើ ធនធានរ៉ែ ធនធានជាច្រើនទៀត។ កម្ពុជាក៏បានបាត់បង់ផងដែរនូវប្រជាជនដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមរូបភាពឥន្តោប្រវេស្តន៍ និងពលករចំណាកស្រុក។
អ្វីដែលបានរៀបរាប់ខាងលើគឺជាទិដ្ឋភាពតូចមួយនៃសង្គមកម្ពុជានាពេលបច្ចុប្បន្នដែលមានពលរដ្ឋតិចណាស់ដែលបានស្វែងយល់។ ពលរដ្ឋមិនបានស្វែងយល់ពីដើមហេតុនៃប្រព័ន្ធពុករលួយជាតិ ជាពិសេសប្រព័ន្ធពុករលួយក្នុងចំណោមថ្នាក់ដឹកនាំ និងបុគ្គលិករដ្ឋនៅគ្រប់លំដាប់ថ្នាក់។ ហើយពលរដ្ឋជាច្រើនដែលបានដឹងទៀតសោត ពួកគាត់មិនបានស្វែងយល់បន្តទៀតទៅលើវីធីសាស្ត្រដើម្បីបំបាត់ប្រព័ន្ធពុករលួយនោះឡើយ។ អ្វីដែលពលរដ្ឋបានយល់នោះគឺបុគ្គលដែលជាមន្ត្រីគ្រប់លំដាប់ថ្នាក់គឺជាមូលហេតុដែលធ្វើឲ្យមានអំពើពុករលួយ។ ពួកគាត់មិនបានយល់ឡើយថា ការស៊ីសំណូកសូកប៉ាន់នោះបានកើតចេញជារូបភាពប្រព័ន្ធមួយដែលមិនអាចកាត់ផ្តាច់ដោយងាយៗ។ ពលរដ្ឋមួយចំនួនបានបង្ហាញនូវការគាំទ្រនូវការប្រកាសរបស់ថ្នាក់ដឹកនាំដែលពុករលួយក្នុងការឆ្លុះកញ្ចក់ ងូតទឹក ដុសសាប៊ូ ព្យាបាល និងវះកាត់ថែមទាំងផង។
ពលរដ្ឋដែលបានគាំទ្រអភិក្រមទាំងប្រាំដែលបានរៀបរាប់ខាងលើនេះ គាត់មិនខ្វល់អំពីការបញ្ចប់របបនោះឡើយ។ អ្វីដែលគាត់អាចធ្វើបានគឺការបញ្ចេញមតិដោយការបោះឆ្នោតដោយមិនបានដឹងថាការបោះឆ្នោតនេះហើយគឺជាវិធីសាស្ត្រនៃការសម្របច្បាប់របស់របបផ្តាច់ការ។ ការបោះឆ្នោតដោយមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នេះហើយ ដែលបានផ្តល់អំណាចដល់ជនផ្តាច់ការដើម្បីបន្តអំណាចផ្តាច់ការរបស់ពួកគេ។
អំពើពុករលួយមិនមែនកើតចេញពីបុគ្គលម្នាក់ៗនោះឡើយ គឺកើតចេញពីប្រព័ន្ធដឹកនាំរដ្ឋដែលបម្រើឲ្យផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍បក្សនយោបាយដែលមានការទាក់ទងដល់ផលប្រយោជន៍របស់ប្រទេសជិតខាង។ ការនេះប្រៀបបាននឹងដើមបញ្ញើរក្អែក ដែលតោងទាមដល់ដំណាំដាំដុះដូច្ឆោះដែរ។ ប្រសិនបើបងប្អូនមិនព្រមកាត់ផ្តាច់ដើមចង្រៃដែលប្រៀបបាននឹងបរទេសឃ្លានពាននោះទេ បងប្អូនមិនអាចបន្ទោសដំណាំដែលមិនបានហុចផលទៅតាមតម្រូវការបានឡើយ។ ដូចនេះដើម្បីដោះស្រាយបញ្ហានេះ ពលរដ្ឋត្រូវធ្វើការសម្រេចចិត្តដោយដាច់អហង្កា ថាតើពលរដ្ឋម្នាក់ៗស្រលាញ់ដើមបញ្ញើរក្អែក ឬស្រលាញ់ដំណាំរបស់ខ្លួន? ប្រសិនបើពលរដ្ឋស្រលាញ់ដំណាំរបស់ខ្លួន ពលរដ្ឋត្រូវប្រើសិទ្ធដែលជាម្ចាស់ដំណាំ ហើយត្រូវប្រើកាំបិទ ឬពូថៅ ដើម្បីកាត់ចោលដើមបញ្ញើរក្អែកដោយខ្លួនឯង។ ប្រៀបបាននឹងសង្គមប្រជាធិប្បតេយ្យមួយដែលអាចដំណើរការបានដោយពេញលេញទៅបានលុះត្រាតែពលរដ្ឋជាច្រើនត្រូវរួមសាម្គីគ្នាដើម្បីបញ្ចប់របបផ្តាច់ការរួចបង្កើតសង្គមជាតិដែលកាន់លិទ្ធីប្រជាធិប្បតេយ្យពិតប្រាកដមួយ ដោយយកច្បាប់អន្តរជាតិជាគោល។