Thursday, May 24, 2018

ហេតុអ្វីបានជាមនុស្សមានវិបត្តផ្លូវចិត្ត? តើមូលហេតុអ្វីអ្នកមានវិបត្តផ្លូវចិត្តមិនទទួលបានភាពជោគជ័យ?

មនុស្សដែលមានបញ្ហាផ្លូវចិត្តដោយមូលហេតុផ្សេងៗ គឺពុំអាចជោគជ័យក្នុងការទំនាក់ទំនងបានទេ។ បើយោងតាមការស្រាវជ្រាវរបស់ខ្ញុំ ការទំនាក់ទំនងគឺជាផ្នែកមួយដែលជួយមនុស្សម្នាក់អោយជោគជ័យ។ ហើយតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ មូលហេតុដែលនាំអោយប៉ះពាល់ដល់បញ្ហាផ្លូវចិត្តនោះគឺការរស់នៅប្រចាំថ្ងៃពិសេសនៅពេលកុមារភាពរបស់មនុស្សម្នាក់ៗ។ កុមារដែលទទួលរងនូវសំពាធ និងបញ្ហាសុខភាពផ្សេងៗ គឺពិបាកនឹងធំធាត់ផ្នែកផ្លូវចិត្តបានល្អណាស់។ 

ខ្ញុំគិតថាការទទួលបានភាពកក់ក្តៅតិចតួចនេះ ជាមូលហេតុដែលប៉ះពាល់ជាអវិជ្ជមានដល់ផ្លូវចិត្ត។ នេះក៏អាចប៉ះពាល់ដល់ភាពរស់រាយរាក់ទាក់ និងទំនាក់ទំនងសង្គមផងដែរ។

ជាឧទាហរណ៍ដូចជារូបខ្ញុំផ្ទាល់ដែលបានចងចាំរឿងទោមនស្ស និងការបាត់បង់មនុស្សជាទីស្រលាញ់ជាច្រើនតាំងពីតូចមក។ ការបាត់បង់នេះមានទំហំធំធេងណាស់សម្រាប់ខ្ញុំ ដែលបានចាប់ផ្តើមបាត់បង់មនុស្សជាទីស្រលាញ់ចាប់តាំងពីអាយុប្រាំឆ្នាំមកម្លេស។​ គិតទៅតាំងពីតូចរហូតមកដល់ពេលនេះខ្ញុំបានបាត់បង់សមាជិកគ្រួសារចំនួន៥នាក់មកហើយ ដែលក្នុងនោះមានទាំងជីដូន ជីតា បងប្រុសពីររូប រួមទាំងការបាត់បង់លោកឪពុកជាទីគោរពស្រលាញ់មិនអាចកាត់ថ្លៃបាននៅពេលដែលខ្ញុំកំពុងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅឯក្រៅប្រទេស។ ដូចនេះ ខ្ញុំចង់បញ្ជាក់ថារយៈពេលដែលខ្ញុំបានរាប់អានមិត្តភក្តិនិងរីករាយនៅក្នុងគ្រួសារហើយដែលជាពេលវេលាដែលខ្ញុំសប្បាយចិត្តជាងគេនោះគឺពុំមានច្រើននោះទេ។ ផ្ទុយទៅវិញខ្ញុំពិបាកចិត្ខខ្លាំងបំផុតនៅពេលដែលអ្នកដែលតែងតែផ្តល់កំលាំងចិត្តនោះបានលាចាកពីលោកនេះ។

បើទោះជាភាពកក់ក្តៅដែលខ្ញុំទទួលបានពីជីដូនជីតា និងឪពុកម្តាយខ្ញុំ មិនមានភាពស៊ីជម្រៅយ៉ាងណាក៏ដោយចុះ ក៏ខ្ញុំសប្បាយចិត្តដែរ ពិសេសកាលពីអាយុក្រោមបីឆ្នាំ ព្រោះខ្ញុំមានមិត្តភក្តិច្រើនជាងគេនៅពេលនោះ។  មិនតែប៉ុន្នោះ ពេលនោះជាពេលវេលាដែលខ្មុំមានអារម្មណ៍ថាខ្លួនទទួលបានភាពកក់ក្តៅពីឪពុកម្តាយនិងជីតា។ ខ្ញុំនៅចាំបានថាពេលអាយុរពីរ បីឆ្នាំ ក្រោយពេលបាយថ្ងៃមួយនោះ ខ្ញុំ ឪពុក និងម្តាយខ្ញុំបានអង្គុយនៅលើគ្រែសំយ៉ាបផ្ទះ។ ពេលនោះខ្ញុំបានប្រាប់ពួកគាត់ថាមានបាយនៅជាប់ធ្មេញរបស់ខ្ញុំ ហើយភ្លាមនោះម្តាយខ្ញុំបានប្រាប់អោយខ្ញុំព្រោះគ្រាប់បាយចោល។ អ្វីដែលធ្វើអោយខ្ញុំរំភើបនិងបំភ្លេចមិនបានបំផុតនោះគឺពេលដែលឪពុកខ្ញុំគាត់បាននប្រាប់ខ្ញុំដោយចំអន់លេងនឹងពាក្យម្តាយខ្ញុំដែលអោយខ្ញុំព្រោះគ្រាប់បាយចេញនោះ ហើយគាត់បានប្រាប់អោយខ្ញុំលេបគ្រាប់បាយចូលទៅក្នុងពោះវិញ។ ហើយពេលដែលខ្ញុំលេបចូលទៅពួកគាត់ក៏នាំគ្នាសើច។ 

ទោះជាយ៉ាងណាក៏ដោយខ្ញុំមើលឃើញពីការខ្វះការទំនាក់ទំនងល្អរបស់ខ្លួនរហូតមក ពោលគឺរហូតដល់ខ្ញុំមានអាយុជាង៣០ឆ្នាំនេះ ទើបខ្ញុំយល់នៅអ្វីដែលហៅថាការរក្សាទំនាក់ទំនង។ ហើយពេលដែលខ្ញុំបានឈានមកដល់អាយុ ៣១ឆ្នាំ ខ្ញុំក៏បានរកឃើញវិធីដែលអាចឲ្យខ្ញុំរក្សាទំនាក់ទំនងបានល្អជាងមុន។

ហេតុអ្វីបានជាមនុស្សត្រូវការទំនាក់ទំនងល្អនៅក្នុងសង្គម? 
បើយោងតាមប្រសាសន៍របស់លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកនៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង បានលើកឡើងថាបើចង់ជោគជ័យ អ្នកត្រូវការពីរជំនាញធំៗ គឺជំនាញទន់ និងជំនាញរឹង។ បើយើងមើលទៅលើភាពជោគជ័យរបស់គាត់គឺហាក់មិនមែនជារឿងចៃដន្យនោះទេ។ លោកបានបញ្ជាក់អំពីវីធីសាស្ត្រនិងបទពិសោធន៍ជោគជ័យជាច្រើន ដែលក្នុងនោះគាត់បានឲ្យតម្លៃខ្ពស់ទៅលើជំនាញទន់ដែលជាចំណុចគន្លឹះអាចនាំទៅរកភាពជោគជ័យបាន។ ការទំនាក់ទំនងល្អគឺអាចនាំមនុស្សឲ្យចេះជំនាញទន់បាន។

អ្វីទៅជាការរក្សាទំនាក់ទំនង? 
ការរក្សាទំនាក់ទំនងគឺជាសកម្មភាពនៃការចុះសម្រុងនៅក្នុងសង្គម មិនថាជាសង្គមគ្រួសារ ឬសង្គមមិត្តភក្តិដែលនៅក្បែរយើងនោះទេ។ ក្នុងន័យនេះយើងមិនសំដៅលើការចុះសម្រុងនៅក្នុងសង្គមជាតិទាំងមូលនោះដែរ។ ការដឹងលឺជាកត្តាដែលមិនអាចខ្វះបាននៅក្នុងការទំនាក់ទំនង។ 

ធ្វើយ៉ាងម៉េចទើបអាចមានការទំនាក់ទំនងល្អបាន?
កត្តាដែលបានជួយខ្ញុំឲ្យបានស្វែងរកផ្លូវ និងចាប់ផ្តើមនៅលើវិថីដើម្បីឈានទៅកាន់ការរីកចំរើនផ្នែកទំនាក់ទំនងនេះគឺមានច្រើន និងវែងឆ្ងាយ។ ក៏ប៉ុន្តែបើគិតឲ្យងាយស្រួល គឺបញ្ហានៃការទំនាក់ទំនងនេះពុំមានពិបាកអ្វីទេ។ ខ្ញុំតែងតែគិតថាជា ភព្វសំណាងដែលមានពីជាតិមុនមក តែមិនទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលបានជួយខ្ញុំឲ្យចេះទំនាក់ទំនងបាន។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ កត្តាដែលអាចជម្រុញការទំនាក់ទំនងល្អគឺកត្តា "ស្កាល់"។ កត្តាស្កាល់មានន័យយ៉ាងម៉េច? ការស្គាល់សំដៅលើការយល់ពីអ្នកដ៏ទៃ និងខ្លួនឯង។
១. ការស្គាល់ពីអ្នកដ៏ទៃ
អ្វីទៅជាការស្គាល់អ្នកដ៏ទៃ?
ការស្គាល់ពីអ្នកដ៏ទៃមិនសំដៅលើការដឹងលឺស៊ីជម្រៅអំពីអ្នកដ៏ទៃនោះទេ។ សម្រាប់ការរក្សាទំនាក់ទំនងបាន វាទាមទារឲ្យដឹងលឺតែពត៌មានគោលៗអំពីអ្នកដ៏ទៃដូចជា ព័ត៌មានអំពីទីលំនៅ ការងារ សមាជិកគ្រួសារជាដើម ។ល។ អ្នកដែលស្គាល់ពីអ្នកដ៏ទៃបានល្អ ជាផ្នែកមួយនៃការជោគជ័យក្នុងការទំនាក់ទំនង។ ក៏ប៉ុន្តែមិនអាចសម្រេចការទំនាក់ទំនងល្អទាំងស្រុងនោះទេ។
២. ការស្កាល់ខ្លួនឯង
     - ស្កាល់ខ្លួនឯង
ការស្គាល់ខ្ឡួនឯងគឺជាការរលឹកដឹងនូវរាល់បំលាស់ទីរបស់កាយ និងចិត្ត។ ជាភាសាអង់គ្លេស គេច្រើនប្រើពាក្យថា Mindfulness ។ ការស្គាល់ខ្ឡួនឯងនេះគឺចង់បញ្ជាក់អំពីការចាប់អារម្មណ៍របស់មនុស្សម្នាក់នូវរាល់កាយវិការរបស់អវយវៈ និងចាប់អារម្មណ៍អំពីអ្វីដែលមនុស្សម្នាក់ៗកំពុងតែគិត។ ធម្មតាខួរក្បាលមនុស្សម្នាក់ៗតែងតែគិតពីនេះពីនោះមិនចេះឈប់ យ៉ាងណាប្រៀបបាននឹងសត្វស្វាក៏យ៉ាងនោះដែរ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍អំពីការគិត និងចលនារាងកាយរបស់ខ្លួនឡើយ។ ដូចនេះ មនុស្សម្នាក់ៗត្រូវស្គាល់ខ្លួនឯងនិងចាប់អារម្មណ៍អំពីខ្លួនឯងជាមុនសិន មុននឹងគាត់អាចប្រើវិសាស្ត្រផ្សេងៗ​ ដើម្បីទទួលយកខ្លួនឯងបាន។
     - ទទួលយកខ្លួនឯង
ការទទួលយកខ្លួនឯង គឺសំដៅលើការទទួលយកភាពខ្វះខាតរបស់ខ្លួន។ ការទទួលយកខ្លួនឯងគឺមានន័យថាមនុស្សម្នាក់អាចសុខចិត្តទទួលយកគំនិតរបស់អ្នកដ៏ទៃមកលើខ្លួន។ យើងសង្កេតឃើញថា ការទទួលយកខ្លួនឯងជួយមនុស្សម្នាក់អោយមានភាពអត់ធ្មត់ ហើយនឹងទទួលយកនូវពាក្យរិះគន់របស់អ្នកដ៏ទៃបាន ដោយមិនមានភាពទោមនស្សអ្វីឡើយ។ គាត់អាចទទួលយកបានមិនមែនមានន័យថាគាត់មិនកែតម្រូវនោះទេគឺគាត់បានស្គាល់ខ្លួនឯងនិងបានទទួលយកចំនុចខ្វះខាតណាមួយដែលសមស្របនិងគួរកែតម្រូវ ដើម្បីឈានទៅរកការកែតម្រូវបន្តិចម្តងៗ។

សូមអរគុណនូវការចំណាយពេលអានអត្ថបទរបស់ខ្ញុំ
សូមជួយគាំទ្រដោយ Like ហ្វេសបុកផេចរបស់ខ្ញុំខាងក្រោមនេះ ដើម្បីខ្ញុំអាចចែករំលែកអត្ថបទល្អៗដល់អ្នកទាំងអស់គ្នាបន្ថែមទៀត។ សូមជូនពរជួបតែសំណាងល្អគ្រប់ៗគ្នា!
https://www.facebook.com/cheasopheanew/