ការដោះស្រាយដែលត្រឹមត្រូវគឺមិនស្ថិតនៅលើតែមនុស្សម្នាក់ទេ។ បញ្ហាខ្លះជាបញ្ហារួម ឬជាបញ្ហារបស់អ្នកដ៏ទៃដែលតម្រូវឲ្យគាត់ជាអ្នកដោះស្រាយ។ ការយកបញ្ហាអ្នកដ៏ទៃមកនិយាយ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហារបស់ខ្លួនឯងបាននោះទេ ថែមទាំងអាចត្រូវបានគេនិយាយថាយើងចង់ដឹងចង់លឺរឿងរ៉ាវរបស់អ្នកដ៏ទៃទៀតផង។ ប្រសិនបើបញ្ហាជារបស់អ្នកដ៏ទៃ នោះយើងមិនគួរយកមកនិយាយច្រើននោះទេ។
ការនិយាយដោយគ្មានការប្រុងប្រយ័ត្នអាចធ្វើឲ្យអ្នកស្តាប់យល់ច្រលំថាជាវាយតម្លៃនូវចំនុចមិនល្អ។ បញ្ហានេះអាចធ្វើឲ្យមានរឿងទាំងអ្នកនិយាយ និងអ្នកដែលត្រូវបានគេនិយាយផងដែរ។ មុននឹងនិយាយអ្វីមួយយើងត្រូវគិតយ៉ាងបានល្អិតល្អន់នូវចំណុចជាច្រើនដូចជា៖
១. តើយើងបានដឹងច្បាស់នូវរឿងដែលបានកើតឡើងចំពោះអ្នកដ៏ទៃហើយឬនៅ?
២. បើយើងរកបានដំណោះស្រាយហើយ តើយើងអាចសម្រេចដោះស្រាយជំនួសអ្នកដ៏ទៃបានដែរឬទេ?
៣. តើយើងត្រូវធ្វើយ៉ាងណាដើម្បីបង្ហាញថាអ្វីដែលអ្នកធ្វើគឺគ្រាន់តែជារគិតគូរអំពីអ្នកដ៏ទៃ ការព្រួយបារម្ភ ឬការយកចិត្តទុកដាក់ចំពោះអ្នកនោះតែប៉ុន្នោះ មិនមែនជាការនិយាយពីខាងក្រោយអ្វីឡើយ។
៤.តើអ្វីដែលអ្នកនិយាយមានប្រយោជន៍ដែរឬទេ? តើពិតទេ? តើវាត្រឹមត្រូវដែរឬទេ? តើវាមានសារៈសំខាន់ដែរឬទេ? តើវាល្អដែរឬទេ?
ពេលខ្លះការនិយាយខុសធ្វើឲ្យយើងគ្រោះថ្នាក់បាន ពិសេសគឺការនិយាយខុសពីការពិត ព្រោះ វាគ្មានអ្នកណាម្នាក់ចំណេញនោះទេ។
ដូច្នេះ ខ្ញុំសុំឲ្យមនុស្សគ្រប់រូមមេត្តាឈប់យករឿងរបស់អ្នកដ៏ទៃមកនិយាយ ពិសេសសម្រាប់អ្នកដែលនៅក្មេងៗ ដែលមិនទាន់ដឹងរាក់ជ្រៅច្បាស់ សូមកុំចាញ់បោក ឬត្រចៀកសឲ្យសោះ។ សូមប្រុងប្រយ័ត្នចំពោះសំដីរបស់មនុស្សណាម្នាក់ដែលកំពុងតែនិយាយមិនល្អអំពីអ្នកណាម្នាក់ប្រាប់អ្នក ព្រោះប្រសិនបើសុខៗ មកសួរនាំ និងប្រាប់អ្នកអំពីរឿងអ្នកដ៏ទៃពេលនេះ នោះពេលក្រោយគេនឹងអាចនិយាយដូចគ្នាអំពីអ្នកប្រាប់អ្នកដ៏ទៃវិញបាន។
សូមកុំចាប់អារម្ភណ៍ចំពោះអ្នកណាដែលមកធ្វើជាចាប់អារម្មណ៍នឹងអ្នក។គេអាចមកសួរនាំអ្នកជាច្រើនសំនួរ ព្រោះការសួរនាំនោះអាចឲ្យអ្នកគិតថាវាជាការយកចិត្តទុកដាក់ចំពោះអ្នក។ តែភាគច្រើនវាគ្រាន់តែជាការចង់ដឹងរឿងអ្នកតែប៉ុណ្ណោះ។ អ្នកមិនអាចមើលឃើញពីបំណងឬទឹកចិត្តដែលគេចង់ជួយគិតគូរអំពីអ្នកពិតប្រាកដឬអត់នោះឡើយ។
No comments:
Post a Comment