Thursday, January 28, 2021

សង្គមពុករលួយនៅកម្ពុជា

ចូលដល់សតវត្សទី២១នេះ មានប្រទេសជាច្រើននៅលើសកលលោកដែលប្រកាន់លិទ្ធិប្រជាធិប្បតេយ្យ។ ប្រទេសមួយចំនួនប្រកាន់លិទ្ធិប្រជាធិប្បតេយ្យពេញលេញ រីឯប្រទេសមួយចំនួនទៀតដូចជាកម្ពុជាដែលតំណាងដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់ និងភាគីហត្ថលេខីទាំង១២រូប/អង្គ បានសន្យាជាអន្តរជាតិថាខ្លួននឹងប្រកាន់លិទ្ធិប្រជាធិប្បតេយ្យដើម្បីការពារដោយដាច់អហង្ការនូវបូរណភាព អធិប្បតេយ្យភាព និងឯករាជ្យជាតិរបស់ខ្លួន។ ស្របពេលជាមួយគ្នានោះ គេឃើញថាកម្ពុជាបានប្រើប្រាស់នូវទ្រឹស្តីលិទ្ធិប្រជាធិប្បតេយ្យ និង នីតិរដ្ឋដើម្បីឲ្យមតិជាតិ និងអន្តរជាតិមើលឃើញថាកម្ពុជាជាប្រទេសប្រកាន់លិទ្ធិប្រជាធិប្បតេយ្យ ក៏ប៉ុន្តែជាក់ស្តែងកម្ពុជាក្រោមការដឹកនាំសព្វថ្ងៃនេះ បាននិងកំពុងតែដើរទៅរករបបផ្តាច់ការ កាប់សំលាប់ ចាប់ចង គំរាមកំហែង ទិញទឹកចិត្តដើម្បីបំបែកបំបាក់កំលាំងសាម្គីរបស់ពលរដ្ឋទៅវិញ។ តើរបបនេះអាចបន្លំការពិតដោយរបៀបណា? តើអ្វីជាបញ្ហាគន្លឺះដែលធ្វើឲ្យរបបនេះអាចដើរទៅមុខដោយពាក់ស្លាកប្រជាធិប្បតេ្យ? តើរបបនេះនឹងបន្តប្រកាន់របបផ្តាច់ការតទៅមុខទៀតបានឬមិនបាន?

ដោយយោងទៅលើទ្រឹស្តីរបស់អ្នកប្រវត្តសាស្ត្រមួយចំនួនដែលបានលើកឡើងអំពីរបបអាណានិគមន៍។ លោកបានលើកឡើងថាគោលបំណងរបស់ប្រទេសដែលបានដាក់អាណានិគមន៍ទៅលើប្រទេសមួយទៀតគឺដើម្បីគេងចំណេញទៅលើធនធានរបស់ប្រទេសនោះ តាមរយៈការផ្តល់អំណាចឲ្យជនណាម្នាក់ឬក្រុមនៃជននោះ ដើម្បីឲ្យប្រមូលធនធានដោយខុសច្បាប់សម្រាប់ពួកគេ។ ជនដែលរបបអាណានិគមន៍ បានផ្តល់អំណាច បង្កើតប្រព័ន្ធមួយដើម្បីស្រូបយកធនធានទាំងអស់របស់ប្រទេសជាតិដែលរួមមានធនធានធម្មជាតិ ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងធនធានផ្សេងៗទៀត។ 

ដូចគ្នានឹងរបបលិទ្ធិប្រជាធិប្បតេយ្យដែរ របបអាណានិគមនិយមនៅប្រទេសកម្ពុជាមិនត្រូវបានបង្ហាញឲ្យឃើញជាក់ស្តែងនោះឡើយ។ ប្រទេសកម្ពុជាបានទទួលរងនូវទ្ធិពលនៃរបបអាណានិគមន៍របស់ប្រទេសជិតខាងក្រោមរូបភាពទាំងឡាយដែលបានលើកឡើងក្នុងប្រទេសនានាក្នុងសម័យអាណានិគមនិយមនៅមុនសង្គ្រាមលោក។ ទោះបីជាគេបានដឹងហើយថា កម្ពុជាបានទទួលឯករាជ្យពេញលេញ និងប្រជាធិប្បតេយ្យពេញលេញយ៉ាងណាក៏ដោយ ក៏គេបានឃើញថាកម្ពុជាបាននឹងកំពុងជញ្ជូនទៅរដ្ឋបរទេស នូវធនធានព្រៃឈើ ធនធានរ៉ែ ធនធានជាច្រើនទៀត។ កម្ពុជាក៏បានបាត់បង់ផងដែរនូវប្រជាជនដែលជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមរូបភាពឥន្តោប្រវេស្តន៍ និងពលករចំណាកស្រុក។ 

អ្វីដែលបានរៀបរាប់ខាងលើគឺជាទិដ្ឋភាពតូចមួយនៃសង្គមកម្ពុជានាពេលបច្ចុប្បន្នដែលមានពលរដ្ឋតិចណាស់ដែលបានស្វែងយល់។ ពលរដ្ឋមិនបានស្វែងយល់ពីដើមហេតុនៃប្រព័ន្ធពុករលួយជាតិ ជាពិសេសប្រព័ន្ធពុករលួយក្នុងចំណោមថ្នាក់ដឹកនាំ និងបុគ្គលិករដ្ឋនៅគ្រប់លំដាប់ថ្នាក់។ ហើយពលរដ្ឋជាច្រើនដែលបានដឹងទៀតសោត ពួកគាត់មិនបានស្វែងយល់បន្តទៀតទៅលើវីធីសាស្ត្រដើម្បីបំបាត់ប្រព័ន្ធពុករលួយនោះឡើយ។ អ្វីដែលពលរដ្ឋបានយល់នោះគឺបុគ្គលដែលជាមន្ត្រីគ្រប់លំដាប់ថ្នាក់គឺជាមូលហេតុដែលធ្វើឲ្យមានអំពើពុករលួយ។ ពួកគាត់មិនបានយល់ឡើយថា ការស៊ីសំណូកសូកប៉ាន់នោះបានកើតចេញជារូបភាពប្រព័ន្ធមួយដែលមិនអាចកាត់ផ្តាច់ដោយងាយៗ។ ពលរដ្ឋមួយចំនួនបានបង្ហាញនូវការគាំទ្រនូវការប្រកាសរបស់ថ្នាក់ដឹកនាំដែលពុករលួយក្នុងការឆ្លុះកញ្ចក់ ងូតទឹក ដុសសាប៊ូ ព្យាបាល​ និងវះកាត់ថែមទាំងផង។ 

ពលរដ្ឋដែលបានគាំទ្រអភិក្រមទាំងប្រាំដែលបានរៀបរាប់ខាងលើនេះ គាត់មិនខ្វល់អំពីការបញ្ចប់របបនោះឡើយ។ អ្វីដែលគាត់អាចធ្វើបានគឺការបញ្ចេញមតិដោយការបោះឆ្នោតដោយមិនបានដឹងថាការបោះឆ្នោតនេះហើយគឺជាវិធីសាស្ត្រនៃការសម្របច្បាប់របស់របបផ្តាច់ការ។ ការបោះឆ្នោតដោយមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នេះហើយ ដែលបានផ្តល់អំណាចដល់ជនផ្តាច់ការដើម្បីបន្តអំណាចផ្តាច់ការរបស់ពួកគេ។ 

អំពើពុករលួយមិនមែនកើតចេញពីបុគ្គលម្នាក់ៗនោះឡើយ គឺកើតចេញពីប្រព័ន្ធដឹកនាំរដ្ឋដែលបម្រើឲ្យផលប្រយោជន៍បុគ្គល ឬផលប្រយោជន៍បក្សនយោបាយដែលមានការទាក់ទងដល់ផលប្រយោជន៍របស់ប្រទេសជិតខាង។ ការនេះប្រៀបបាននឹងដើមបញ្ញើរក្អែក ដែលតោងទាមដល់ដំណាំដាំដុះដូច្ឆោះដែរ។ ប្រសិនបើបងប្អូនមិនព្រមកាត់ផ្តាច់ដើមចង្រៃដែលប្រៀបបាននឹងបរទេសឃ្លានពាននោះទេ បងប្អូនមិនអាចបន្ទោសដំណាំដែលមិនបានហុចផលទៅតាមតម្រូវការបានឡើយ។ ដូចនេះដើម្បីដោះស្រាយបញ្ហានេះ ពលរដ្ឋត្រូវធ្វើការសម្រេចចិត្តដោយដាច់អហង្កា ថាតើពលរដ្ឋម្នាក់ៗស្រលាញ់ដើមបញ្ញើរក្អែក ឬស្រលាញ់ដំណាំរបស់ខ្លួន? ប្រសិនបើពលរដ្ឋស្រលាញ់ដំណាំរបស់ខ្លួន ពលរដ្ឋត្រូវប្រើសិទ្ធដែលជាម្ចាស់ដំណាំ​ ហើយត្រូវប្រើកាំបិទ ឬពូថៅ ដើម្បីកាត់ចោលដើមបញ្ញើរក្អែកដោយខ្លួនឯង។ ប្រៀបបាននឹងសង្គមប្រជាធិប្បតេយ្យមួយដែលអាចដំណើរការបានដោយពេញលេញទៅបានលុះត្រាតែពលរដ្ឋជាច្រើនត្រូវរួមសាម្គីគ្នាដើម្បីបញ្ចប់របបផ្តាច់ការរួចបង្កើតសង្គមជាតិដែលកាន់លិទ្ធីប្រជាធិប្បតេយ្យពិតប្រាកដមួយ ដោយយកច្បាប់អន្តរជាតិជាគោល។ 

Thursday, May 24, 2018

ហេតុអ្វីបានជាមនុស្សមានវិបត្តផ្លូវចិត្ត? តើមូលហេតុអ្វីអ្នកមានវិបត្តផ្លូវចិត្តមិនទទួលបានភាពជោគជ័យ?

មនុស្សដែលមានបញ្ហាផ្លូវចិត្តដោយមូលហេតុផ្សេងៗ គឺពុំអាចជោគជ័យក្នុងការទំនាក់ទំនងបានទេ។ បើយោងតាមការស្រាវជ្រាវរបស់ខ្ញុំ ការទំនាក់ទំនងគឺជាផ្នែកមួយដែលជួយមនុស្សម្នាក់អោយជោគជ័យ។ ហើយតាមការយល់ឃើញរបស់ខ្ញុំផ្ទាល់ មូលហេតុដែលនាំអោយប៉ះពាល់ដល់បញ្ហាផ្លូវចិត្តនោះគឺការរស់នៅប្រចាំថ្ងៃពិសេសនៅពេលកុមារភាពរបស់មនុស្សម្នាក់ៗ។ កុមារដែលទទួលរងនូវសំពាធ និងបញ្ហាសុខភាពផ្សេងៗ គឺពិបាកនឹងធំធាត់ផ្នែកផ្លូវចិត្តបានល្អណាស់។ 

ខ្ញុំគិតថាការទទួលបានភាពកក់ក្តៅតិចតួចនេះ ជាមូលហេតុដែលប៉ះពាល់ជាអវិជ្ជមានដល់ផ្លូវចិត្ត។ នេះក៏អាចប៉ះពាល់ដល់ភាពរស់រាយរាក់ទាក់ និងទំនាក់ទំនងសង្គមផងដែរ។

ជាឧទាហរណ៍ដូចជារូបខ្ញុំផ្ទាល់ដែលបានចងចាំរឿងទោមនស្ស និងការបាត់បង់មនុស្សជាទីស្រលាញ់ជាច្រើនតាំងពីតូចមក។ ការបាត់បង់នេះមានទំហំធំធេងណាស់សម្រាប់ខ្ញុំ ដែលបានចាប់ផ្តើមបាត់បង់មនុស្សជាទីស្រលាញ់ចាប់តាំងពីអាយុប្រាំឆ្នាំមកម្លេស។​ គិតទៅតាំងពីតូចរហូតមកដល់ពេលនេះខ្ញុំបានបាត់បង់សមាជិកគ្រួសារចំនួន៥នាក់មកហើយ ដែលក្នុងនោះមានទាំងជីដូន ជីតា បងប្រុសពីររូប រួមទាំងការបាត់បង់លោកឪពុកជាទីគោរពស្រលាញ់មិនអាចកាត់ថ្លៃបាននៅពេលដែលខ្ញុំកំពុងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅឯក្រៅប្រទេស។ ដូចនេះ ខ្ញុំចង់បញ្ជាក់ថារយៈពេលដែលខ្ញុំបានរាប់អានមិត្តភក្តិនិងរីករាយនៅក្នុងគ្រួសារហើយដែលជាពេលវេលាដែលខ្ញុំសប្បាយចិត្តជាងគេនោះគឺពុំមានច្រើននោះទេ។ ផ្ទុយទៅវិញខ្ញុំពិបាកចិត្ខខ្លាំងបំផុតនៅពេលដែលអ្នកដែលតែងតែផ្តល់កំលាំងចិត្តនោះបានលាចាកពីលោកនេះ។

បើទោះជាភាពកក់ក្តៅដែលខ្ញុំទទួលបានពីជីដូនជីតា និងឪពុកម្តាយខ្ញុំ មិនមានភាពស៊ីជម្រៅយ៉ាងណាក៏ដោយចុះ ក៏ខ្ញុំសប្បាយចិត្តដែរ ពិសេសកាលពីអាយុក្រោមបីឆ្នាំ ព្រោះខ្ញុំមានមិត្តភក្តិច្រើនជាងគេនៅពេលនោះ។  មិនតែប៉ុន្នោះ ពេលនោះជាពេលវេលាដែលខ្មុំមានអារម្មណ៍ថាខ្លួនទទួលបានភាពកក់ក្តៅពីឪពុកម្តាយនិងជីតា។ ខ្ញុំនៅចាំបានថាពេលអាយុរពីរ បីឆ្នាំ ក្រោយពេលបាយថ្ងៃមួយនោះ ខ្ញុំ ឪពុក និងម្តាយខ្ញុំបានអង្គុយនៅលើគ្រែសំយ៉ាបផ្ទះ។ ពេលនោះខ្ញុំបានប្រាប់ពួកគាត់ថាមានបាយនៅជាប់ធ្មេញរបស់ខ្ញុំ ហើយភ្លាមនោះម្តាយខ្ញុំបានប្រាប់អោយខ្ញុំព្រោះគ្រាប់បាយចោល។ អ្វីដែលធ្វើអោយខ្ញុំរំភើបនិងបំភ្លេចមិនបានបំផុតនោះគឺពេលដែលឪពុកខ្ញុំគាត់បាននប្រាប់ខ្ញុំដោយចំអន់លេងនឹងពាក្យម្តាយខ្ញុំដែលអោយខ្ញុំព្រោះគ្រាប់បាយចេញនោះ ហើយគាត់បានប្រាប់អោយខ្ញុំលេបគ្រាប់បាយចូលទៅក្នុងពោះវិញ។ ហើយពេលដែលខ្ញុំលេបចូលទៅពួកគាត់ក៏នាំគ្នាសើច។ 

ទោះជាយ៉ាងណាក៏ដោយខ្ញុំមើលឃើញពីការខ្វះការទំនាក់ទំនងល្អរបស់ខ្លួនរហូតមក ពោលគឺរហូតដល់ខ្ញុំមានអាយុជាង៣០ឆ្នាំនេះ ទើបខ្ញុំយល់នៅអ្វីដែលហៅថាការរក្សាទំនាក់ទំនង។ ហើយពេលដែលខ្ញុំបានឈានមកដល់អាយុ ៣១ឆ្នាំ ខ្ញុំក៏បានរកឃើញវិធីដែលអាចឲ្យខ្ញុំរក្សាទំនាក់ទំនងបានល្អជាងមុន។

ហេតុអ្វីបានជាមនុស្សត្រូវការទំនាក់ទំនងល្អនៅក្នុងសង្គម? 
បើយោងតាមប្រសាសន៍របស់លោកឧកញ៉ា គួច ម៉េងលី អគ្គនាយកនៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង បានលើកឡើងថាបើចង់ជោគជ័យ អ្នកត្រូវការពីរជំនាញធំៗ គឺជំនាញទន់ និងជំនាញរឹង។ បើយើងមើលទៅលើភាពជោគជ័យរបស់គាត់គឺហាក់មិនមែនជារឿងចៃដន្យនោះទេ។ លោកបានបញ្ជាក់អំពីវីធីសាស្ត្រនិងបទពិសោធន៍ជោគជ័យជាច្រើន ដែលក្នុងនោះគាត់បានឲ្យតម្លៃខ្ពស់ទៅលើជំនាញទន់ដែលជាចំណុចគន្លឹះអាចនាំទៅរកភាពជោគជ័យបាន។ ការទំនាក់ទំនងល្អគឺអាចនាំមនុស្សឲ្យចេះជំនាញទន់បាន។

អ្វីទៅជាការរក្សាទំនាក់ទំនង? 
ការរក្សាទំនាក់ទំនងគឺជាសកម្មភាពនៃការចុះសម្រុងនៅក្នុងសង្គម មិនថាជាសង្គមគ្រួសារ ឬសង្គមមិត្តភក្តិដែលនៅក្បែរយើងនោះទេ។ ក្នុងន័យនេះយើងមិនសំដៅលើការចុះសម្រុងនៅក្នុងសង្គមជាតិទាំងមូលនោះដែរ។ ការដឹងលឺជាកត្តាដែលមិនអាចខ្វះបាននៅក្នុងការទំនាក់ទំនង។ 

ធ្វើយ៉ាងម៉េចទើបអាចមានការទំនាក់ទំនងល្អបាន?
កត្តាដែលបានជួយខ្ញុំឲ្យបានស្វែងរកផ្លូវ និងចាប់ផ្តើមនៅលើវិថីដើម្បីឈានទៅកាន់ការរីកចំរើនផ្នែកទំនាក់ទំនងនេះគឺមានច្រើន និងវែងឆ្ងាយ។ ក៏ប៉ុន្តែបើគិតឲ្យងាយស្រួល គឺបញ្ហានៃការទំនាក់ទំនងនេះពុំមានពិបាកអ្វីទេ។ ខ្ញុំតែងតែគិតថាជា ភព្វសំណាងដែលមានពីជាតិមុនមក តែមិនទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលបានជួយខ្ញុំឲ្យចេះទំនាក់ទំនងបាន។ តាមបទពិសោធន៍របស់ខ្ញុំផ្ទាល់ កត្តាដែលអាចជម្រុញការទំនាក់ទំនងល្អគឺកត្តា "ស្កាល់"។ កត្តាស្កាល់មានន័យយ៉ាងម៉េច? ការស្គាល់សំដៅលើការយល់ពីអ្នកដ៏ទៃ និងខ្លួនឯង។
១. ការស្គាល់ពីអ្នកដ៏ទៃ
អ្វីទៅជាការស្គាល់អ្នកដ៏ទៃ?
ការស្គាល់ពីអ្នកដ៏ទៃមិនសំដៅលើការដឹងលឺស៊ីជម្រៅអំពីអ្នកដ៏ទៃនោះទេ។ សម្រាប់ការរក្សាទំនាក់ទំនងបាន វាទាមទារឲ្យដឹងលឺតែពត៌មានគោលៗអំពីអ្នកដ៏ទៃដូចជា ព័ត៌មានអំពីទីលំនៅ ការងារ សមាជិកគ្រួសារជាដើម ។ល។ អ្នកដែលស្គាល់ពីអ្នកដ៏ទៃបានល្អ ជាផ្នែកមួយនៃការជោគជ័យក្នុងការទំនាក់ទំនង។ ក៏ប៉ុន្តែមិនអាចសម្រេចការទំនាក់ទំនងល្អទាំងស្រុងនោះទេ។
២. ការស្កាល់ខ្លួនឯង
     - ស្កាល់ខ្លួនឯង
ការស្គាល់ខ្ឡួនឯងគឺជាការរលឹកដឹងនូវរាល់បំលាស់ទីរបស់កាយ និងចិត្ត។ ជាភាសាអង់គ្លេស គេច្រើនប្រើពាក្យថា Mindfulness ។ ការស្គាល់ខ្ឡួនឯងនេះគឺចង់បញ្ជាក់អំពីការចាប់អារម្មណ៍របស់មនុស្សម្នាក់នូវរាល់កាយវិការរបស់អវយវៈ និងចាប់អារម្មណ៍អំពីអ្វីដែលមនុស្សម្នាក់ៗកំពុងតែគិត។ ធម្មតាខួរក្បាលមនុស្សម្នាក់ៗតែងតែគិតពីនេះពីនោះមិនចេះឈប់ យ៉ាងណាប្រៀបបាននឹងសត្វស្វាក៏យ៉ាងនោះដែរ។ ក៏ប៉ុន្តែមានមនុស្សមួយចំនួនមិនបានចាប់អារម្មណ៍អំពីការគិត និងចលនារាងកាយរបស់ខ្លួនឡើយ។ ដូចនេះ មនុស្សម្នាក់ៗត្រូវស្គាល់ខ្លួនឯងនិងចាប់អារម្មណ៍អំពីខ្លួនឯងជាមុនសិន មុននឹងគាត់អាចប្រើវិសាស្ត្រផ្សេងៗ​ ដើម្បីទទួលយកខ្លួនឯងបាន។
     - ទទួលយកខ្លួនឯង
ការទទួលយកខ្លួនឯង គឺសំដៅលើការទទួលយកភាពខ្វះខាតរបស់ខ្លួន។ ការទទួលយកខ្លួនឯងគឺមានន័យថាមនុស្សម្នាក់អាចសុខចិត្តទទួលយកគំនិតរបស់អ្នកដ៏ទៃមកលើខ្លួន។ យើងសង្កេតឃើញថា ការទទួលយកខ្លួនឯងជួយមនុស្សម្នាក់អោយមានភាពអត់ធ្មត់ ហើយនឹងទទួលយកនូវពាក្យរិះគន់របស់អ្នកដ៏ទៃបាន ដោយមិនមានភាពទោមនស្សអ្វីឡើយ។ គាត់អាចទទួលយកបានមិនមែនមានន័យថាគាត់មិនកែតម្រូវនោះទេគឺគាត់បានស្គាល់ខ្លួនឯងនិងបានទទួលយកចំនុចខ្វះខាតណាមួយដែលសមស្របនិងគួរកែតម្រូវ ដើម្បីឈានទៅរកការកែតម្រូវបន្តិចម្តងៗ។

សូមអរគុណនូវការចំណាយពេលអានអត្ថបទរបស់ខ្ញុំ
សូមជួយគាំទ្រដោយ Like ហ្វេសបុកផេចរបស់ខ្ញុំខាងក្រោមនេះ ដើម្បីខ្ញុំអាចចែករំលែកអត្ថបទល្អៗដល់អ្នកទាំងអស់គ្នាបន្ថែមទៀត។ សូមជូនពរជួបតែសំណាងល្អគ្រប់ៗគ្នា!
https://www.facebook.com/cheasopheanew/

Thursday, May 12, 2016

ត្រូវកន្លាស់អណ្តាតឲ្យបានច្រើនដងមុននឹងនិយាយ

ជីវិតគឺជាការតស៊ូ ជីវិតគឺជាបញ្ហា។ អ្នកខ្លះឈឺ អ្នកខ្លះជាជនពិការ ខ្លះក្រីក្រ ខ្លះត្រូវអ្នកនៅកន្លែងធ្វើការជាមួយគ្នាមើលងាយ ខ្លះត្រូវសាច់ញ្ញាតិធ្វើទុក្ខបុកម្នេញ ខ្លះត្រូវប្តីឬប្រពន្ធ ខ្លះទទួលរងនូវការធ្វើបាបពីម្តាយឪពុកខ្លួនឯងជាដើម ។ល។ ពិណាស់បញ្ហាទាំងឡាយនេះបានកើតឡើងដោយមានដើមហេតុឬសគល់របស់វា។ តើយើងត្រូវធ្វើយ៉ាងណាទើបអាចដោះស្រាយបញ្ហាទាំងឡាយបាន?

ការដោះស្រាយដែលត្រឹមត្រូវគឺមិនស្ថិតនៅលើតែមនុស្សម្នាក់ទេ។ បញ្ហាខ្លះជាបញ្ហារួម ឬជាបញ្ហារបស់អ្នកដ៏ទៃដែលតម្រូវឲ្យគាត់ជាអ្នកដោះស្រាយ។ ការយកបញ្ហាអ្នកដ៏ទៃមកនិយាយ មិនត្រឹមតែមិនអាចដោះស្រាយបញ្ហារបស់ខ្លួនឯងបាននោះទេ ថែមទាំងអាចត្រូវបានគេនិយាយថាយើងចង់ដឹងចង់លឺរឿងរ៉ាវរបស់អ្នកដ៏ទៃទៀតផង។ ប្រសិនបើបញ្ហាជារបស់អ្នកដ៏ទៃ នោះយើង​មិនគួរយកមកនិយាយច្រើននោះទេ។ 

ការនិយាយដោយគ្មានការប្រុងប្រយ័ត្នអាចធ្វើឲ្យអ្នកស្តាប់យល់ច្រលំថាជាវាយតម្លៃនូវចំនុចមិនល្អ។ បញ្ហានេះអាចធ្វើឲ្យមានរឿងទាំងអ្នកនិយាយ និងអ្នកដែលត្រូវបានគេនិយាយផងដែរ។ មុននឹងនិយាយអ្វីមួយយើងត្រូវគិតយ៉ាងបានល្អិតល្អន់នូវចំណុចជាច្រើនដូចជា៖

១. តើយើងបានដឹងច្បាស់នូវរឿងដែលបានកើតឡើងចំពោះអ្នកដ៏ទៃហើយឬនៅ?
២. បើយើងរកបានដំណោះស្រាយហើយ តើយើងអាចសម្រេចដោះស្រាយជំនួសអ្នកដ៏ទៃបានដែរឬទេ?
៣. តើយើងត្រូវធ្វើយ៉ាងណាដើម្បីបង្ហាញថាអ្វីដែលអ្នកធ្វើគឺគ្រាន់តែជារគិតគូរអំពីអ្នកដ៏ទៃ ការព្រួយបារម្ភ ឬការយកចិត្តទុកដាក់ចំពោះអ្នកនោះតែប៉ុន្នោះ មិនមែនជាការនិយាយពីខាងក្រោយអ្វីឡើយ។
៤.តើអ្វីដែលអ្នកនិយាយមានប្រយោជន៍ដែរឬទេ? តើពិតទេ? តើវាត្រឹមត្រូវដែរឬទេ? តើវាមានសារៈសំខាន់ដែរឬទេ? តើវាល្អដែរឬទេ?

ពេលខ្លះការនិយាយខុសធ្វើឲ្យយើងគ្រោះថ្នាក់បាន ពិសេសគឺការនិយាយខុសពីការពិត ព្រោះ វាគ្មានអ្នកណាម្នាក់ចំណេញនោះទេ។

ដូច្នេះ ខ្ញុំសុំឲ្យមនុស្សគ្រប់រូមមេត្តាឈប់យករឿងរបស់អ្នកដ៏ទៃមកនិយាយ ពិសេសសម្រាប់អ្នកដែលនៅក្មេងៗ ដែលមិនទាន់ដឹងរាក់ជ្រៅច្បាស់ សូមកុំចាញ់បោក ឬត្រចៀកសឲ្យសោះ។ សូមប្រុងប្រយ័ត្នចំពោះសំដីរបស់មនុស្សណាម្នាក់ដែលកំពុងតែនិយាយមិនល្អអំពីអ្នកណាម្នាក់ប្រាប់អ្នក ព្រោះប្រសិនបើសុខៗ មកសួរនាំ និងប្រាប់អ្នកអំពីរឿងអ្នកដ៏ទៃពេលនេះ នោះពេលក្រោយគេនឹងអាចនិយាយដូចគ្នាអំពីអ្នកប្រាប់អ្នកដ៏ទៃវិញបាន។ 

សូមកុំចាប់អារម្ភណ៍ចំពោះអ្នកណាដែលមកធ្វើជាចាប់អារម្មណ៍នឹងអ្នក។គេអាចមកសួរនាំអ្នកជាច្រើនសំនួរ ព្រោះការសួរនាំនោះអាចឲ្យអ្នកគិតថាវាជាការយកចិត្តទុកដាក់ចំពោះអ្នក។ តែភាគច្រើនវាគ្រាន់តែជាការចង់ដឹងរឿងអ្នកតែប៉ុណ្ណោះ។ អ្នកមិនអាចមើលឃើញពីបំណងឬទឹកចិត្តដែលគេចង់ជួយគិតគូរអំពីអ្នកពិតប្រាកដឬអត់នោះឡើយ។